ចិនខឹងតៃវ៉ាន់ខ្លាំងណាស់ ចង់លេបតៃវ៉ាន់ទាំងរស់ តើលេបបានឬអត់?
សង្គ្រាមពាក្យសម្ដីកំពុងតែទាញទៅរកសង្គ្រាមយ៉ាងពិតប្រាកដហើយនៅពេលនេះ។ រដ្ឋមន្រ្ដីការពារជាតិប្រទេសចិន ឧត្តមសេនីយ៍ Wei Fenghe បង្ហាញកំហឹងភ្លាមៗនៅឯសន្និសីទអន្ដរជាតិមួយនៅប្រទេសសឹង្ហបុរីកាលពីថ្ងៃទី២ មិថុនា។ កំហឹងរបស់រដ្ឋមន្រ្ដីការពារជាតិចិនរូបនេះ កើតភ្លាមៗបន្ទាប់ពី រដ្ឋមន្រ្ដីការពារជាតិអាមេរិក លោក Patrick Shanahan បានព្រមានចិន កុំឱ្យតាំងខ្លួនជាមហាអំណាចនៅអាស៊ីចង់ឈ្លានពានប្រទេសណាមួយក៏បាននោះ។ នៅក្នុងសន្និសីទនេះទៀត ឧត្តមសេនីយ៍ចិនរូបនេះ បានផ្ញើសារដោយព្រមានជាថ្មីម្ដងទៀតទៅលើកោះតៃវ៉ាន់ ថា បើអ្នកឯងនៅតែជំទាស់មិនព្រមធ្វើសមាហរណកម្មជាមួយក្រុងប៉េកាំងគឺ ក្រុងប៉េកាំងនឹងចាត់វិធានការណ៍ដោយយោធាសកម្មបំផុតរឹបអូសយកកោះនោះមកវិញ។លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា កងទ័ពប្រជាជនចិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលលុកលុយដែនកោះមួយនេះ។ គេហទំព័រនៃសារព័ត៌មាន អេហ្វប៊ីអេហ្វបានចុះផ្សាយថា រដ្ឋមន្រ្ដីការពារជាតិ វ៉េវិនហេ បានបញ្ជាក់ថា បក្សកុម្មុយនីស្ដចិន នៅតែចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ចិន ហើយការប្រើប្រាស់សង្គ្រាមវោហាសាស្រ្ដនោះ គឺដើម្បីប្រាប់ថា ដែនដីនេះមិនអាច ជារដ្ឋឯករាជ្យបានឡើយទោះបីជាអ្នកឯងបែកពីចិន ៧០ឆ្នាំក៏ដោយ យើងសូមជំទាស់ដាច់ខាតការប្រកាសជាផ្លូវការនូវឯករាជ្យភាពណាមួយ។ អ្វីដែលធ្វើឱ្យមន្រ្ដី បក្សកុម្មុយនីស្ដចិនមួយនេះក្ដៅក្រហាយទំនងកើតឡើង ដោយសារតែ មើលខញទីក្រុងតៃប៉ិ(កោះតៃវ៉ាន់)ថ្មីៗនេះបានទិញសព្វាវុធ ទំនើបៗជាច្រើនថែមទៀតពីសហរដ្ឋអាមេរិក ដែលជាមហាមិត្តរបស់ខ្លួន។