ក្រោយប្រធានក្លឹបនាយកដ្ឋានអង្គរក្សទំលាយតំលៃខ្លួន កីឡាករខ្មែរដែលត្រូវទៅប្រកួតនៅថៃជាមួយកីឡាករលំដាប់
ក្រោយប្រធានក្លឹបនាយកដ្ឋានអង្គរក្សទំលាយតំលៃខ្លួន កីឡាករខ្មែរដែលត្រូវទៅប្រកួតនៅថៃជាមួយកីឡាករលំដាប់នៅទាបខ្លាំង ហាក់មិនឲ្យតំលៃកីឡាករគុនខ្មែរ
លោក ស៊ន អេលីត ម្ចាស់ក្លឹបនាយកដ្ឋានអង្គរក្ស បង្ហាញអារម្មណ៍អន់ចិត្ត និងមិនពេញចិត្តខ្លាំងក្រោយពី ប្រម៉ូតទ័រម្នាក់ដែលលោកមិនបានបញ្ជេញឈ្មោះ បានស្នើសុំសិស្សគុនរបស់គាត់ដើម្បីប្រកួតជាមួយកីឡាករថៃ ក្នុងតំលៃមួយប្រកួត២ម៉ឺនបាត ប្រមាណ $540។
នៅក្នុងសំណេររបស់លោក នៅលើផេកផ្លូវការកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ និងការឡាយផ្ទាល់នៅថ្ងៃដដែល បានរៀបរាប់ថា«ប្រហែល២សប្ដាហ៍មុន មានប្រូម៉ូតទ័រម្នាក់ទាក់ទងមកខ្ញុំ សុំសិស្សក្លិប នាយកដ្ឋានអង្គរក្ស ប្រកួតនិង ប៉.ត.ថ នៅ Thai Fight។ តែខ្ញុំតបថា ខ្ញុំគ្មានពេលទំនេរ នាំកីឡាករខ្មែរទៅឲ្យគេវាយបំបាក់ទេ។ស្រាប់តែថ្ងៃនេះ មានគេទាក់ទងមកម្ដងទៀត សុំ មឿន សុខហ៊ុច ទៅប្រកួតនិង សែនឆ័យ ដោយផ្ដល់តំលៃខ្លួន២ម៉ឺនបាត ប្រមាណ $540។ខ្ញុំអង្គុយគិត ហួសចិត្ត ហេតុអីយកលំដាប់ជួរមុខយើង ទៅប៉ះ legend ស្រុកគេ តែឲ្យតំលៃខ្លួនសឹងមិនលើសប្រកួតក្នុងស្រុក។ថៃមិនឲ្យតំលៃខ្មែរ ឬមានក្រុមមេខ្យល់ទម្លាក់តំលៃ? ត្រឹម $540 នៅវាយស្រុកខ្មែរក៏បាន។កិត្តិយសនរណាមិនចង់បាន តែបន្ថោកតាំងពីដំបូងយើងម្ដេចព្រមលូនក្រាប»។
ក្រោយការផុសនៅលើបណ្ដាញសង្គមបែបនេះ អ្នកគាំទ្រហាក់បង្ហាញមតិមិនពេញចិត្ត និងការឲ្យតំលៃខ្លួនកីឡាករគុនខ្មែរក្នុងតំលៃទាប ដែលកីឡាករអាចរកលុយបាននៅក្នុងសង្វៀនក្រៅស្រុក អ្នកខ្លះថានេះជាការមិនផ្ដល់តំលៃដល់កីឡាករគុនខ្មែរ។
ចំណែកឯលោក សំណព្វ ដែលជារើយៗលោកតែងតែនាំកីឡាករគុនខ្មែរទៅប្រកួតនៅក្រៅប្រទេស បានសរសេររលើបណ្ដាញសង្គមរបស់ភ្លាមៗដែរថា «ចង់ប្រាប់បងប្អូនហ្វេនគុនខ្មែរថា ធន់ ចាន់តាក់ និង ថៃ រិទ្ធី ទៅ Thai Fight តាមរយៈខ្ញុំ បានតម្លៃខ្លួនមិនក្រោម 650$ ទេ តែបើទៅតាមគេ ខ្ញុំសុំមិនដឹង...ដេក ស៊ីចុក ស្នាក់នៅ ធ្វើដំណើរ ខ្ញុំអ្នកចាយ...»។
ទោះបីមានការបញ្ជាក់បែបនេះ តែអ្នកគាំទ្រនៅតែគិតថាតំលៃខ្លួនកីឡាករគុនខ្មែរដែលត្រូវប្រកួតនៅក្រៅសុ្រកនៅតែទាប ដោយអ្នកខ្លះថាយ៉ាងហោចណាស់ក៏បាន១០០០ដុល្លារដែរក្នុងមួយប្រកួត។
នៅមិនទាន់ចប់ចំពោះការវែកញ៉ែករឿងតំលៃខ្លួននេះ លោកគ្រូ ពេជ្រ សុផាន់ ម្ចាស់ក្លិបចលនាយុវជន១៥៧គុនខ្មែរ បានទំលាយតំលៃខ្លួនរបស់កីឡាករ ពេជ្រ សីហា កាលពីជាង១០ឆ្នាំមុនថា ក្នុងមួយប្រកួតនៅស្រុកថៃ បានតំលៃខ្លួនដល់ទៅ១៥០០ដុល្លារក្នុងមួយប្រកួត ដោយលោកបានសរសេរថា«ខ្ញុំធ្លាប់យក ពេជ្រ សីហា ទៅប្រកួត Thai Fight នៅឆ្នាំ២០១២ តំលៃខ្លួន ១៥០០$ ហេតុអ្វី១០ឆ្នាំក្រោយឆ្នាំ២០២២ តំលៃខ្លួនកីឡាករខ្មែរយើងធ្លាក់ចុះខ្លាំងយ៉ាងនេះ»។
ចុះប្រិយមិត្តវិញ យល់ឃើញយ៉ាងណា? តើកីឡាករគុនខ្មែរដែលត្រូវប្រកួតនៅស្រុកថៃ សមនិងបានតំលៃខ្លួនប៉ុន្មាន?